អ្នករាំក្បាលទូកដែលភាគច្រើនជាបុរសពោរពេញដោយកម្លាំងកាយ មាំមួន អង្គុយយ៉ាងប្រុងប្រយ័ត្នដើម្បីបញ្ជាទូករបស់ខ្លួនក្នុងការប្រណាំង យកឈ្នះចាញ់ ប៉ុន្តែក្រោយមកតួនាទីនេះបែរជាត្រូវជំនួសដោយស្រ្តី ដែលមានរាងតូចល្វតល្វន់ទៅវិញ។
សំឡេងឆៃយ៉ាំបានបន្លឺឡើងដើម្បីហែហមក្រុមកីឡាករអ្នកប្រណាំងទូក ង មិនថាបុរសនិងស្រ្តីឡើយ ឲ្យមានទឹកចិត្តពោរពេញដោយក្តីសប្បាយរីករាយ ក្នុងដំណើរឆ្ពោះទៅកាន់ទូករៀងៗខ្លួន មុននឹងចាប់ផ្តើមការប្រណាំង។
នៅក្បាលទូកងធ្វើអំពើឈើ ក្បូរក្បាច់រចនាពណ៌ក្រហមច្រាល ដែលមានកន្លែងទំនេរតូចបំផុត ទទឹងប្រហែល២តឹកប៉ុណ្ណោះ ហាក់ដូចជាគ្មានអ្វីទំនងសម្រាប់ចាប់កាន់ឡើយពេលមានគ្រោះថ្នាក់ នាង រឿន រាត្រី អាយុ១៧ឆ្នាំ ក្នុងសម្លៀកបំពាក់អាវប៉ាក់ស និងសំពត់ចងក្បិនភ្លឺផ្លេកពណ៌ក្រហម ផាត់ប្រេងម្សៅស្អាត ស្រស់សោភា បានអង្គុយនៅលើក្បាលទូកអណ្តែតលើផ្ទៃទឹក ធ្វើហាក់ដូចជាគ្មានការភ័យព្រួយចំពោះទឹកទន្លេល្ហាចល្ហឹមធំ ល្វឹងល្វើយឡើយ។
រាត្រី គឺជាអ្នករាំក្បាលទូកនៃទូកចែវរបស់នារីឈ្មោះ ជម្ពូសជ័យសេរីមានឫទ្ធិ ដែលមកពីស្រុកបាធាយ ភូមិមេព្រីង ឃុំមេព្រីង ខេត្តកំពង់ចាម។
រាត្រី បាននិយាយដោយទឹកមុខញញឹមថា គ្មានអ្វីដែលភ័យព្រួយសម្រាប់នាងឡើយ បើទោះបីជានាងគ្មានបទពិសោធន៍ក៏ដោយក្នុងការរាំក្បាលទូកនៅពេល ប្រណាំងទូកងកាលពីឆ្នាំមុនៗក៏ដោយ។ នាងនិយាយបណ្តើរ សម្លឹងមើលផ្ទៃទន្លេល្ហល្ហេវធំធេងថា នាងនឹងគិតតែពីរាំទៅតាមចង្វាក់ ដើម្បីឲ្យអ្នកអុំទូកនិងគូកនរបស់នាងទាំងអស់ មានការប្រឹងប្រែងដើម្បីយកឈ្នះ។
កញ្ញា រឿន រាត្រី ឲ្យដឹងដូច្នេះ ៖ «ភ័យតិចៗ ភ័យខ្លាចតែធ្លាក់ទឹកអី។ ការពារខ្លួន។ ឲ្យយោកតាមទូក ហើយត្រូវចេះតោងផង កុំចេះតែរាំៗទៅធ្លាក់ទឹក។ មានអារម្មណ៍ថាសប្បាយ ហើយសង្ឃឹមថាឈ្នះ»។
ស្រ្តីម្នាក់ទៀតបាននិយាយថា វត្តមានរបស់អ្នករាំនៅក្បាលទូក ពោរពេញទៅដោយភាពស្រស់ស្រាយបែបនេះ ជាការសំខាន់ណាស់។ គាត់មិនអាចបកស្រាយថា តើការសំខាន់នោះយ៉ាងណាខ្លះទេ ប៉ុន្តែគាត់បានតែនិយាយថា បរមបុរាណតែងតែតម្រូវឲ្យមានអ្នករាំក្បាលទូកនេះជាចាំបាច់ ៖ «ទាល់តែមានអ្នករាំបានស្អាត ឲ្យសញ្ញាអ្នកចែវ។ សម័យបុរាណយើងមកអ៊ីចឹង ទំនៀមទម្លាប់យើងអ៊ីចឹង»។
មន្ត្រីពុទ្ធសាសនបណ្ឌិតនិងជាក្រុមជំនុំទំនៀមទម្លាប់ប្រពៃណី ខ្មែរ លោក មៀច ប៉ុន បានអះអាងថា ស្រី្តអ្នករាំក្បាលទូកជាទូទៅ ត្រូវគេជ្រើសរើសយកស្រ្តីដែលនៅក្រមុំព្រហ្មចារី មានវ័យចន្លោះពី១៦ ទៅ១៧ឆ្នាំប៉ុណ្ណោះ ហើយប្រកបទៅដោយបុគ្គលិកលក្ខណៈល្អប្រសើរ ដើម្បីនាំនូវភ័ព្វសំណាងរបស់ទូក។
កាលពីដំបូងឡើយ កំណើតបុណ្យអុំទូកគេពុំបានយកស្រីមករាំនៅក្នុងពិធីនេះឡើយ។ ពិធីនេះគឺជាពិធីដែលគេរំឭកទៅដល់កងទ័ពជើងទឹកខ្មែរ កាលពីសម័យបុរាណដែលពោរពេញដោយអានុភាព។
លោក មៀច ប៉ុន បានអះអាងអ្នករាំក្បាលទូក គឺបុរសដែលតំណាងឲ្យមេទ័ពជើងទឹកវៃឆ្លាត និងមុតស្រួចក្នុងការបញ្ជាកងទ័ពកាលនោះ ដូច្នេះជាទូទៅគេឃើញតែអ្នករាំក្បាលទូកភាគច្រើនជាបុរសដែលគេ មានលទ្ធភាពក្នុងការមើលគូប្រកួតរបស់ខ្លួន ដើម្បីប្រាប់ឲ្យក្រុមកីឡាកររបស់គេឲ្យមានការប្រុងប្រយ័ត្ន ហើយអាចយកជើងធាក់ខ្សែព្រ័ត្រនៅពេលជិតផ្តាច់ព្រ័ត្រជាដើម ដែលប្រការនេះគ្រោះថា្នក់ខ្លាំងណាស់ ដូច្នេះហើយគេមិនសូវឃើញវត្តមានរបស់ស្រ្តីឡើយ។
លោកបន្តទៀតថា ក្រោយមកទៀតគេបានឃើញមានវត្តមានស្រ្តីអ្នករាំនៅក្បាលទូក នៅក្នុងពិធីប្រណាំងទូកងរបស់ខ្មែរម្ដងៗ។ វត្តមានរបស់ស្រ្តីដែលមានរូបស្អាតល្វត់ល្វន់ មានសម្លៀកបំពាក់ចងក្បិនស្រស់ឆើតឆាយ បានក្លាយជាទីទាក់ចិត្តសម្រាប់អ្នកទស្សនា ក៏ដូចជាក្រុមកីឡាករឲ្យមានកម្លាំងចិត្តក្នុងការប្រណាំងនោះដែរ។
រឿន រាត្រី មានរាងតូចទ្រនាប់ ច្រមុះស្រួច នាងមានកាយវិការទន់ភ្លន់និងល្វតល្វន់ នៅពេលដែលនាងរាំនៅលើក្បាលទូកទៅតាមសំឡេងក្រុមកីឡាករអ្នក ប្រណាំងរបស់នាងស្រែកជាសញ្ញា។
នាងនិយាយទៀតថា នាងសប្បាយចិត្តហើយមានមោទនភាព នៅពេលត្រូវបានអ្នកភូមិជ្រើសតាំងនៅក្នុងឆ្នាំនេះសម្រាប់ការរាំ ក្បាលទូក ដើម្បីការប្រណាំងដណ្តើមយកពាន់រង្វាន់ខាន់ខៅ សម្រាប់ត្រឡប់ទៅស្រុកវិញ ៖ «គេរើស គេហៅឲ្យទៅរាំ ខ្ញុំក៏រាំទៅ»។
ទូកចែវរបស់នារីនៅក្នុងស្រុកបាធាយ វត្តសិរីចំប៉ា នៅភូមិមេព្រីង ឃុំមេព្រីង មានចំណុះសរុប៣៨នាក់ ភាគច្រើនជាស្រ្តី គឺមានប្រុសប្រហែល១០នាក់ប៉ុណ្ណោះចូលរួម ដោយធ្វើជាអ្នកបាចទឹក ពេលដែលស្រ្តីៗកំពុងជាប់ចែវ។
ក្រុមនេះ កីឡាករស្លៀកក្បិនពណ៌បៃតងចាស់។ ស្រ្តីកីឡាករខ្លះចេះហែលទឹក ហើយខ្លះទៀតមិនចេះហែលទឹកឡើយ។
លឹម គា អាយុ៣០ឆ្នាំ ដែលកំពុងចងក្បិនពណ៌បៃតង មានចងយ័ន្តនៅចង្កេះផងនោះ មុននឹងត្រៀមខ្លួនចុះទូកក្នុងការប្រណាំងបាននិយាយប្រាប់ថា គ្រប់គ្នាត្រូវតែចងយ័ន្តដូច្នេះ ដើម្បីសុំសេចក្តីសុខសប្បាយ ហើយនាងមិនខ្លាចអ្វីទេ បើទោះបីជាមិនចេះហែលទឹកក៏ដោយ។
ស្រ្តី លឹម គា ឲ្យដឹងដូច្នេះ ៖ «តែទឹកហូរខ្លាំងវាកួចហើយ តែកួចខ្លាំងយើងចេះតែមានអារម្មណ៍ភ័យដែរ ប៉ុន្តែនឹកឃើញថា ចែវឲ្យជាប់ ឈរទូកឲ្យនឹង គឺដឹងតែឈ្នះអ៊ីចឹងតែម្ដង។ មានអារម្មណ៍ថាសប្បាយដែរ បើថាបានជោគជ័យ គឺថា សប្បាយអស់ពីចិត្តពីថ្លើមអ៊ីចឹងតែម្ដង»។
ស្រ្តីម្នាក់ទៀតបាននិយាយថា នាងសប្បាយរកថាមិនត្រូវ ដែលនាំឲ្យនាងចូលរួមជារៀងរាល់ឆ្នាំ ៖ «សប្បាយ ចិត្តចង់តែមកតែម្ដង»។
កីឡាករស្រ្តីម្នាក់ៗសុទ្ធតែមានទឹកមុខរីករាយ ដោយគេបរិភោគបាយរួមគ្នា សម្រាកនៅទីលានវត្តអារាមរួមគ្នា។ គេឮសូរតែសំឡេងហ៊ោកញ្ជ្រៀវក្រេវៗ នៅពេលដែលគ្នីគ្នារបស់គេបានស្រែកថា យក្សអរៗ បន្ទរដោយសំឡេងថា ឈ្នះៗៗ៕
0 comments:
Post a Comment