រឿងរ៉ាវជេរប្រមាថមេដឹកនាំកំពូលរបស់ប្រទេសដែលចុះផ្សាយ ដោយគេហទំព័រ Ki-Medias កាន់តែរីករាលដាលហើយនៅពេលនេះ។ បុរសម្នាក់ត្រូវបានតុលាការផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ៦ខែ និងពិន័យ១លានរៀល ពីបទផ្សព្វផ្សាយបន្តនូវព័ត៌មានជេរប្រមាថដែលបោះពុម្ពចេញពី គេហទំព័រខាងលើ។ បុរសដែលជាបុគ្គលិកបំរើការឲ្យអង្គការ ស្បៀងអាហារពិភពលោកឈ្មោះសេង គុណការត្រូវបានប៉ូលិសចាប់ខ្លួនកាលពីថ្ងៃទី១៧ធ្នូបន្ទាប់ពីមាន ក្រដាសបោះពុម្ពចេញពីគេហទំព័រ Ki-Medias ត្រូវបានចែកចាយ។ យ៉ាងណាក៏ដោយ រដ្ឋាភិបាលគ្មានគំរោងបិទខ្ទប់គេហទំព័រនេះទេ។
សេចក្តីរាយការណ៍របស់ ប៉ែន បូណាពីទីក្រុងភ្នំពេញ
លោក សេង គុណការ អាយុ៤០ឆ្នាំ ជាបុគ្គលិកបម្រើការឲ្យអង្គការស្បៀងអាហារពិភពលោកត្រូវបានតុលាការ រាជធានីភ្នំពេញផ្តន្ទាទោស នៅព្រឹកថ្ងៃអាទិត្យនេះឲ្យជាប់ពន្ធនាគារ៦ខែ និងពិន័យប្រាក់១លានរៀលពីបទញុះញង់ឱ្យមានបទឧក្រិដ្ឋទាក់ទង នឹងការចែកផ្សាយខិត្តប័ណ្ណជេរប្រមាថថ្នាក់ដឹកនាំកំពូលៗរបស់ជាតិ ដែលចុះផ្សាយដោយគេហទំព័រ Ki-Medias ។
<<<រូបមេដឹកនាំកំពូលរបស់ប្រទេសដែលចុះផ្សាយដោយគេហទំព័រ Ki-Medias
បុរសរូបនេះត្រូវបានសមត្ថកិច្ចប៉ូលិសឃាត់ខ្លួននៅ ថ្ងៃទី១៧ខែធ្នូ ទាក់ទង នឹងការចែកចាយខិត្តប័ណ្ណដែលបោះពុម្ពចេញពីគេហទំព័រខាងលើ ដែលមានន័យជេរប្រមាថថ្នាក់ដឹកនាំកំពូលៗរបស់ជាតិ។ តុលាការរាជធានីភ្នំពេញបានបើកសវនាការជំនុំជម្រះភ្លាមៗ នៅរសៀលថ្ងៃទី១៨ធ្នូម្សិលមិញ និងបានប្រកាសសាលក្រមនៅថ្ងៃអាទិត្យនេះដែលបានធ្វើឲ្យសំណុំរឿង Ki-Medias កាន់តែរាលដាលធ្ងន់ធ្ងរឡើង។
ប្រភពព័ត៌មានឲ្យដឹងថា លោកសេង គុណការបានបោះពុម្ពចេញពីម៉ាស៊ីនកុំព្យូទ័រនូវព័ត៌មានជេរប្រមាថ ក្នុងគេហទំព័ររបស់ Ki-Medias ដើម្បីចែកឲ្យមិត្តភ័ក្តិបម្រើការជាមួយគ្នាមើល។ ប៉ុន្តែ ក្រោយមកក្រដាសទាំងនោះ ក៏បានធ្លាយចេញមកក្រៅហើយក៏ធ្លាក់ដល់ដៃប៉ូលិស។ ក្រោយពីការស្រាវជ្រាវ ប៉ូលិសបាននាំខ្លួនលោកសេង គុណការទៅសាកសួរនិងបញ្ជូនទៅតុលាការ។ លោកចាន់ សាវ៉េត មន្ត្រីអ្នកស៊ើបអង្កេតរបស់សមាគមការពារសិទ្ធិមនុស្សអាដហុកបាន សំណូមពរថារដ្ឋាភិបាល គួរតែសុំឲ្យមានការកែតម្រូវជាជាងការចាប់មនុស្សដាក់ពន្ធនាគារ ដោយសារការប្រើសម្តី។
គេហទំព័រ Ki-Medias ដែលគេស្គាល់ថាជារបស់ក្រុមប្រឆាំងរដ្ឋាភិបាល និងដែលផ្សាយចេញពីក្រៅប្រទេសបានចុះផ្សាយលើទំព័ររបស់ខ្លួននូវ រូបថតមេដឹកនាំកំពូលៗ ដែលមានលោកនាយករដ្ឋមន្ត្រីហ៊ុន សែន លោកប្រធានព្រឹទ្ធសភា ជា ស៊ីម និងលោកប្រធានរដ្ឋសភា ហេង សំរិន រួមទាំងលោកវ៉ា គឹមហុង ប្រធានគណៈកម្មការព្រំដែនរបស់រដ្ឋាភិបាលផង។ មេដឹកនាំទាំងនោះត្រូវបានគេហទំព័រនេះចោទប្រកាន់ថាជា «ជនក្បត់ជាតិ» និង «លក់ទឹកដី» ឲ្យវៀតណាម។
បន្ទាប់ពីមានប្រតិកម្មខ្លាំងៗពីមន្ត្រីរដ្ឋាភិបាលមួយចំនួន មានព័ត៌មានលេចលឺថា គេហទំព័រមួយនេះអាច នឹងត្រូវគេបិទខ្ទប់មិនឲ្យមើលឃើញនៅស្រុកខ្មែរទៀតឡើយ។ ប៉ុន្តែ លោកខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាអ្នកនាំពាក្យរដ្ឋាភិបាលបានអះអាងនៅល្ងាចថ្ងៃសៅរ៍ម្សិលមិញថា រដ្ឋាភិបាលគ្មានគំរោងបិទគេហទំព័រដែលបានជេរប្រមាថមេដឹកនាំកំពូល របស់ជាតិនោះទេ៕
0 comments:
Post a Comment