«អបាយមុខ» ប្រែថា ហេតុជាប្រធាននៃសេចក្ដីវិនាស ។ ព្រះពុទ្ធសាសនាប្រាប់ថា អបាយមុខ, ដោយសង្ខេបមាន ៤ យ៉ាងគឺ : ១- ឥត្ថីធុត្ត ការលេងស្រី, ២- សុរាធុត្ត ការលេងស្រា, ៣- អក្ខធុត្ត ការលេង ល្បែងភ្នាល់ ឬល្បែងស៊ីសង, ៤- បាបមិត្ត មានជនប្រព្រឹត្តអាក្រក់ជាមិត្ត ។ ទាំង ៤ យ៉ាងនេះ ជប្រមុខនៃការហិនហោច ឬសេចក្ដីវិនាស ។ បណ្ដាអបាយមុខ ៤ យ៉ាងនេះ បុគ្គលណាញៀនជាប់ ទោះត្រង់អបាយមុខណាក៏ដោយ បុគ្គលនោះ ក៏រមែងតែដល់នូវការហិនហោច ឬវិនាសទ្រព្យធន បើមិនច្រើនក៏តិច ពុំដែលខានឡើយ ។
ពាក្យកាព្យបញ្ជាក់ឱ្យងាយចាំ
ពាក្យ ៧
អបាយមុខជង្រុកហិន សង្កិនឱ្យក្ដៅដួងហឫទ័យ
ច្រើននាំអ្នកលេងឱ្យសន្ធៃ យប់ថ្ងៃដេកព្រួយនឹកស្ដាយក្រោយ ។
កំពុងប្រព្រឹត្តងងឹតឈឹង លុះដល់រំពឹងឃើញញឹកញយ
ទើបបានយល់ច្បាស់ថាខ្លួនធ្លោយ ជួនក៏បណ្ដោយដេញជើងទៀត ។
ដេញជើងត្រាតែឃើញលិចលង់ រឹតតែល្ងិតល្ងង់ទ្រូងចង្អៀត
អ្នកខ្លះម្ល៉ឹងហើយនៅតែឆ្លៀត អង្រៀតនឹងស្លាប់ទើបថយក្រោយ ។
ទំរាំភ្ញាក់ខ្លួនជួនអស់ទ្រព្យ ជួនកាលធ្លាក់ជាប់ដល់រូបខ្សោយ
កើតរោគឈឺចាប់ស្លាប់បណ្ដោយ គួរឱ្យព្រឺខ្លាចអបាយមុខ ។
ហេតុនេះយុវ័នយុវតី នាងអ្នកប្រុសស្រីគួរខ្លាចទុក
ឱ្យហើយពីក្មេងទាន់មានសុខ ត្រូវខំសម្រុកប្រឹងរៀនសូត្រ ។
នាងអ្នកចូររៀនកុំធុញទ្រាន់ ទាន់វ័យនៅក្មេងត្រូវខំស្រូត
ស្រូតរៀនឱ្យទាល់តែរហូត បានដល់កោះត្រើយសឹមសម្រាក ។
វិទ្យាជាទ្រព្យដ៏ចម្បង កន្លងលើសលែងឥតទ្រព្យសាក
ជាទ្រព្យស្រាលផងមិនលំបាក វេចជាបង្វេចស្ពាយពុនរែក ។
ទៅមកយកជាប់ទៅជាមួយ វិទ្យាអាចជួយឃើញទាន់ភ្នែក
ចង់បានអ្វី ៗ វិទ្យាស្រែក ហៅទ្រព្យប្លែក ៗ ឱ្យចូលមក ។
វត្តឧណ្ណាលោម ក្រុងភ្នំពេញ, ថ្ងៃចន្ទ្រ ទី ២២ កក្កដា
0 comments:
Post a Comment