លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានធ្វើការព្រមានមិនឲ្យក្រុមអ្នកប្រឆាំង ធ្វើការបះបោរដូចនៅប្រទេសទុយនីស៊ីឡើយ។
© សុវណ្ណារ៉ា
វិធានការបង្ក្រាប ត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រី ចាប់តាំងពីថ្ងៃ១៤មករា ឆ្នាំ១៩៨៥ អះអាងថា ដើម្បីការពាររដ្ឋធម្មនុញ្ញ ក្នុងនាមជានាយករដ្ឋមន្ត្រី ដែលជ្រើសតាំងដោយការបោះឆ្នោត។
ប្រតិកម្មរបស់លោកនាយករដ្ឋមន្ត្រីយ៉ាងដូច្នេះ បានធ្វើឡើងក្នុងពិធីសម្ពោធអាគារមន្ទីរពេទ្យខេត្តកំពង់ចាម នៅព្រឹកថ្ងៃ២០មករានេះ។
មួយវិញទៀត លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា គណបក្សប្រឆាំង ដែលចុះខ្សោយសព្វថ្ងៃ មិនមែនមកពីរូបលោក ឬគណបក្សប្រជាជនទេ ប៉ុន្តែមកពីការដឹកនាំរបស់គណបក្សប្រឆាំងខ្លួនឯង។ តាមលោកនាយករដ្ឋមន្ត្រី លោកនឹងមិនត្រឹមតែធ្វើឲ្យគណបក្សប្រឆាំងនៅកម្ពុជាចុះខ្សោយប៉ុណ្ណោះ ទេ ប៉ុន្តែលោកក៏នឹងធ្វើឱ្យបក្សប្រឆាំងងាប់តែម្តង។
ប្រតិកម្មរបស់លោកនាយករដ្ឋមន្ត្រីដូច្នេះ បានសំដៅលើអ្នករិះគន់មួយចំនួន ជាពិសេសការរិះគន់របស់លោក ប្រេដ អាដាម នាយកអង្គការឃ្លាំមើលសិទ្ធិមនុស្សប្រចាំអាស៊ីប៉ាស៊ីហ្វិក ដែលអះអាងថា លោកនាយករដ្ឋមន្ត្រី បានប្រើវិធីបំបែក ដើម្បីគ្រប់គ្រងអំណាច និងធ្វើឲ្យបក្សប្រឆាំងចុះខ្សោយ។ រីឯអ្នកវិភាគនយោបាយខ្លះ ក៏បានលើកឡើងពីព្រឹត្តិការណ៍បះបោរ នៅប្រទេសទុយនីស៊ីសព្វថ្ងៃ ដែលបានបណ្តេញប្រធានាធិបតី កាន់អំណាចជាង ២៣ ឆ្នាំ ចេញពីតំណែង នាំឲ្យប្រទេសធ្លាក់ក្នុងវិបត្តិសង្គ្រាមស៊ីវិល។
យ៉ាងណាក៏ដោយ លោកនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ក្នុងការបោះឆ្នោត នៅឆ្នាំ២០១៣ ខាងមុខ បើសិនជាគណបក្សប្រជាជនកម្ពុជារបស់លោកចាញ់ឆ្នោត លោកនឹងចុះពីតំណែង និងប្រគល់អំណាចដល់គណបក្សឈ្នះឆ្នោត ដោយសន្តិវិធី៕
Source: rfi
0 comments:
Post a Comment