ដោយ តាំង សារ៉ាដា
2011-07-20 "ដើម្បីស្ដាប់សម្លេង ចុចត្រង់នេះ! "
មន្ត្រីជាន់ខ្ពស់នៃក្រសួងការបរទេសកម្ពុជា បានច្រានចោលចំពោះការចោទប្រកាន់នានា ទាក់ទងនឹងការទទួលខុសត្រូវ ឬជាអ្នកមានអំណាចក្នុងគុកបឹងត្របែកនៅសម័យខ្មែរក្រហម។ការបដិសេធរបស់លោក ហោ ណាំហុង ធ្វើឡើងនៅបន្ទាប់ពីមានការបញ្ជាក់ពីឯកសារ សាក្សី និងសេចក្ដីរាយការណ៍របស់មន្ត្រីស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅ កម្ពុជា ដែលថា មន្ត្រីការបរទេសខ្មែរមានជាប់ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មសម្លាប់ បញ្ញវន្តខ្មែរ ឬក្រុមអ្នកការទូតខ្មែរពីបរទេស ដែលជាប់ឃុំក្នុងគុកបឹងត្របែក កាលពីឆ្នាំ ១៩៧៥ ដល់ឆ្នាំ ១៩៧៩ នៃរបបកម្ពុជាប្រជាធិបតេយ្យ។
រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោក ហោ ណាំហុង បានបដិសេធថា លោកមិនមែនជាអ្នកគ្រប់គ្រងគុកបឹងត្របែក នៅសម័យខ្មែរក្រហមនោះទេ។ ផ្ទុយទៅវិញ លោកថា លោកក៏ជាអ្នកទោសម្នាក់ដែរ។
លោក ហោ ណាំហុង ថ្លែងប្រាប់វិទ្យុអាស៊ីសេរី តាមទូរស័ព្ទពីប្រទេសហុល្លង់ កាលពីថ្ងៃអាទិត្យថា ប្រធានគណបក្សជំទាស់ លោក សម រង្ស៊ី កន្លងមក ក៏ធ្លាប់បាននិយាយបរិហារកេរ្តិ៍រូបលោកអំពីបញ្ហានេះដែរ ហើយតុលាការរបស់ប្រទេសបារាំងនៅតែលើកលែងទោសដល់លោក សម រង្ស៊ី ដោយសារហេតុផលនយោបាយ។
លោក ហោ ណាំហុង ៖ «តុលាការបារាំងកាត់ប៉ុន្មានដងវាគ្រប់ហើយ។ ខ្ញុំជាអ្នកជាប់ទោសរបស់ខ្មែរ ក្រហម។ ខ្មែរក្រហមដែលចាត់តាំងគណៈកម្មការហ្នឹង គឺគណៈកម្មការអ្នកទោស។ អត់មានសិទ្ធិអំណាចអីទេ។ ខ្ញុំមិនដែលស្គាល់ខ្មែរក្រហមយ៉ាងម៉េចផង ហើយតុលាការបារាំងកាត់ប៉ុន្មានដង លើកលែងតុលាការកំពូលកាត់ផ្សេងៗ វាមិនជាក់ ព្រោះថា សម រង្ស៊ី បានបរិហារកេរ្ត៍ខ្ញុំពិតមែន បែរទៅជាលើកលែងទោសឲ្យគាត់ ដោយសារគាត់ជាអ្នកនយោបាយ»។
លោក សម រង្ស៊ី ដែលកំពុងរស់នៅនិរទេសក្នុងប្រទេសបារាំងមានប្រសាសន៍ថា ការកាត់សេចក្ដីរបស់តុលាការកំពូលបារាំងធ្វើឡើងប្រកបដោយយុត្តិធម៌ តាមការផ្អែកលើភស្តុតាង និងសាក្សីគ្រប់គ្រាន់។
លោក សម រង្ស៊ី ៖ «តុលាការបារាំងដែលខ្ញុំឈ្នះក្ដីលោក ហោ ណាំហុង ហ្នឹង គឺដោយសារតុលាការ បារាំងហ្នឹងគេយល់ឃើញដោយមានប្រភពជាច្រើនដូចគ្នា ចោទប្រកាន់លោក ហោ ណាំហុង ពីរឿងដូចគ្នា ហើយអ្វីដែលគេអះអាងនោះគួរឲ្យជឿបាន។ បើគ្មាន ពិត គ្មានមូលដ្ឋាន គេមិនអនុញ្ញាតអ្វីឲ្យយើងចេះតែនិយាយបានទេ»។
កាលពីថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០១១ តុលាការកំពូលរបស់ប្រទេសបារាំង បានច្រានចោលសេចក្ដីសម្រេចរបស់សាលាដំបូង និងសាលាឧទ្ធរណ៍ ដែលបានសម្រេចឲ្យលោក សម រង្ស៊ី ចាញ់ក្ដីលោក ហោ ណាំហុង ពីបទបរិហារកេរ្តិ៍ទាក់ទិននឹងការចោទប្រកាន់ថា លោក ហោ ណាំហុង ជាអតីតប្រធានគុកបឹងត្របែក ក្នុងរបបខ្មែរក្រហម។ ប៉ុន្តែ តុលាការក្រុងភ្នំពេញ កាលពីដើមឆ្នាំ ២០១១ បានកាត់ទោសលោក សម រង្ស៊ី ក្នុងករណីដូចគ្នាឲ្យជាប់ពន្ធនាគាររយៈពេលពីរឆ្នាំ។
គេហទំព័រ វីគីលីគ (Wikileaks) កាលពីថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០១១ បានចេញផ្សាយរបាយការណ៍របស់លោក Alexander Arvizu អតីតអនុប្រធានបេសកកម្មរបស់ស្ថានទូតសហរដ្ឋអាមេរិកនៅកម្ពុជា ដែលកាលពីឆ្នាំ ២០០២ បានសរសេរថា លោក ហោ ណាំហុង ជាអតីតប្រធានគុកបឹង ត្របែកក្នុងរបបខ្មែរក្រហម។
ក្រសួងការបរទេសកម្ពុជា កាលពីថ្ងៃទី១៤ ខែកក្កដាថ្មីៗ នេះ បានចេញសេចក្ដីថ្លែងការណ៍ថា លោក ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាបានកោះហៅ លោក Jeff Daigle អនុប្រធានបេសកកម្ម និងជាភារធារីនៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំក្នុងទីក្រុងភ្នំពេញ ដើម្បីសំដែងការតវ៉ាជំទាស់នឹងរបាយការណ៍នោះ ហើយទាមទារឲ្យមានការកែតម្រូវ។
សាក្សីដែលបានដឹងអំពីវត្តមានរបស់លោក ហោ ណាំហុង នៅគុកបឹងត្របែក នៅកាលពីសម័យខ្មែរក្រហម បានបញ្ជាក់ថា ពួកគេបានដឹង និងបានឮឈ្មោះ លោក ហោ ណាំហុង នៅពេលនោះ។
អតីតបុគ្គលិករបស់វិទ្យុសំឡេងសហរដ្ឋអាមេរិក លោកស្រី នៅ សារឹម ដែលជាអតីតជនរងគ្រោះពីគុកបឹងត្របែក មានប្រសាសន៍ថា គុកបឹងត្របែកនៅពេលនោះ មានមណ្ឌលបីកន្លែង។ មណ្ឌលមួយសម្រាប់ដាក់ក្រុមនិស្សិតដែលវិលត្រឡប់ពីបរទេស ហើយមណ្ឌលមួយទៀតសម្រាប់ដាក់ក្រុមមន្ត្រីការទូតខ្មែរពីបរទេស។
លោកស្រី ដែលពេលនោះជានិស្សិតបញ្ចប់អាហារូបករណ៍ផ្នែកភាសាបារាំងពីប្រទេស បារាំង បានជាប់ឃុំក្នុងមណ្ឌលមួយក្បែរមណ្ឌលគ្រប់គ្រងដោយលោក ហោ ណាំហុង។
លោកស្រីបន្តថា ពេលនោះ លោក ហោ ណាំហុង ជាអ្នកគ្រប់គ្រងមណ្ឌលដែលឃុំឃាំង ក្រុមមន្រ្តីការទូតខ្មែរពីបរទេសក្នុងមន្ទីរបឹងត្របែក ៖ «នៅបឹងត្របែកហ្នឹងមានខ្មែរក្រហមធំខាងលើគេត្រួតហ្នឹង ឈ្មោះ សាវ៉ន ត្រួតមន្ទីរហ្នឹងណា៎ ចាស។ ហើយមន្ទីរដែលពួកគេខ្ញុំនៅហ្នឹង មិនមែន ហោ ណាំហុង ទេ។ លោក ហោ ណាំហុង គាត់ជាប្រធានបឹងត្របែកមួយទៀតហ្នឹង ដើម្បីដើរឲ្យដល់កន្លែងរបស់គាត់ គឺត្រូវដើរឆ្លងកាត់តាមមន្ទីរដែលខ្ញុំនៅហ្នឹងចាស។ ដូច្នេះ គាត់ជាប្រធានកន្លែងពួកទូត។ ពួកដែលគេនៅហ្នឹងសុទ្ធតែជាពួកទូត ហើយពួកដែលគេចូលទៅស្រុកវិញហ្នឹង ហើយលោក ហោ ណាំហុង ជាប្រធាននៅពេលហ្នឹង។ ក្រោយលោកណាៗ ទាំងអស់»។
លោកស្រីមានប្រសាសន៍ថា សម្រាប់មណ្ឌលដែលអ្នកស្រីស្នាក់នៅ លោកស្រី បានឃើញមនុស្សប្រមាណជាង ១០ នាក់ត្រូវបានគេដឹកចេញយកទៅសម្លាប់ «មុន គេយកមនុស្សចេញគេជេរយើងខ្លាំងណាស់។ រួចទៅបានគេដឹកមនុស្សចេញ។ ខ្ញុំដឹងតែកន្លែងខ្ញុំ។ កន្លែងខ្ញុំយ៉ាងហោចជាងដប់នាក់ដែរចាស៎។ អ្នកខ្លះទៅទាំងគ្រួសារតែម្ដង មានកូន ប្រពន្ធទៅជាមួយ។ យ៉ាងហោចហើយជាងដប់នាក់ចាស៎»។
ចំណែកសាក្សីដែលនៅរស់ពីមន្ទីរឃុំឃាំងបឹងត្របែកមួយរូបទៀត គឺលោក សេង ចាន់អន មានប្រសាសន៍ថា លោកធ្លាប់ឮឈ្មោះលោក ហោ ណាំហុង នៅមន្ទីរបឹងត្របែកនៅពេលនោះ។ ប៉ុន្តែ លោកមិនជាប់ក្នុងមណ្ឌល ដែលគ្រប់គ្រងដោយលោក ហោ ណាំហុង នោះឡើយ។
លោក សេង ចាន់អន ៖ «នៅបឹងត្របែកមានជំរំបី។ ទីមួយ ទីពីរ ទីបី ហើយខ្ញុំអត់នៅជាមួយគាត់ទេបាទ។ ដូច្នេះ ខ្ញុំអត់មានស្គាល់ការដឹកនាំអីរបស់គាត់ទេ ពីព្រោះខ្ញុំអត់បាននៅជាមួយគាត់ ហើយក៏អត់បាននៅបឹងត្របែកហ្នឹងជាប់លាប់ដែរ។ ដូច្នេះគ្រាន់តែដឹងតាមមិត្តភ័ក្ដិអីអ៊ីចឹងទេ ហើយខ្ញុំអត់ដឹងថា គាត់ជាប្រធាន ឬធ្វើសកម្មភាពអីច្បាស់លាស់នោះទេ»។
ផ្អែកតាមសៀវភៅជាង ២០០ ទំព័រ បោះពុម្ពក្នុងឆ្នាំ ២០០៣ ដែលសរសេរដោយ លោក អុង ថុង ហឿង អតីតអ្នកទោសនៅមន្ទីរឃុំឃាំងបឹងត្របែក កាលពីសម័យខ្មែរក្រហម បានបញ្ជាក់ថា គុកបឹងត្របែក ត្រូវបានបែងចែកជាមណ្ឌលបី គឺមណ្ឌល ប-៣០ ប-៣១ និង ប-៣២ ដែលមានលោក ហោ ណាំហុង ជាប្រធានក្រុមអ្នកទោស ហើយភរិយារបស់គាត់ជាប្រធានក្រុមអ្នកទោសស្រី។ ចំណែកកូនប្រុសរបស់គាត់ធ្វើជាប្រធានក្រុមកុមារ។
មណ្ឌល ប-៣២ នេះ ជាមណ្ឌលដែលឃុំឃាំងក្រុមបញ្ញវន្ត មន្ត្រីរាជការ ឬអតីតមន្ត្រីទូតមួយចំនួន ដែលមានវ័យចំណាស់បន្តិច។
សៀវភៅរបស់លោក អុង ថុង ហឿង ក៏បានសរសេរផងដែរថា ប្រធានក្រុមអ្នកទោសបឹងត្របែកមានបុព្វសិទ្ធិ និងមានអំណាចក្នុងការរាយការណ៍អំពីអ្នកទោសទាំងអស់ទៅឲ្យថ្នាក់លើ របស់ខ្មែរក្រហម ដើម្បីធ្វើការពិចារណាក្នុងការយកអ្នកទោសទៅសម្លាប់ចោលនៅវត្តជើង ឯក ឬយកទៅធ្វើទារុណកម្មនៅគុកទួលស្លែងជាដើម។
ជុំវិញការប្រកែករបស់លោក ហោ ណាំហុង ដែលថា មិនមានជាប់ទាក់ទងក្នុងការគ្រប់គ្រងមន្ទីរឃុំឃាំងបឹងត្របែកកាលពី សម័យខ្មែរក្រហមនោះ លោកបណ្ឌិត ឡៅ ម៉ុងហៃ ដែលជាអ្នកវិភាគឯករាជ្យ និងជាអ្នកឃ្លាំមើលស្ថានការណ៍នៅកម្ពុជា មានប្រសាសន៍ថា លោក ហោ ណាំហុង ខ្លាចមានឈ្មោះជាប់ជំពាក់នៃការដឹកនាំរបស់របបខ្មែរក្រហម។
លោកបណ្ឌិត ឡៅ ម៉ុងហៃ ៖ «ហើយគឺគាត់ខំការពារ គឺនៅពេលដែលមានដូចថា បញ្ហាអំពីតុលាការខ្មែរក្រហម អាចធ្វើការចោទប្រកាន់ឯទៀតៗ នៅមានភាពចម្រូងចម្រាសនៅឡើយ។ វាមិនទាន់ដាច់ស្រេចពីរឿងតុលាការខ្មែរក្រហមហ្នឹង។ បើតាមខ្ញុំយល់គាត់ខ្លាចជាប់ខ្លួនគាត់ដែរ»។
កាលពីខែមិថុនា ឆ្នាំ ២០១០ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោក ហោ ណាំហុង មានប្រសាសន៍ថា លោកគ្រាន់តែជាអ្នកទទួលបន្ទុកចាត់ចែងម្ហូបអាហារក្នុងគុកបឹង ត្របែកប៉ុណ្ណោះ ហើយថា អ្នកដែលទទួលខុសត្រូវធំបំផុតឈ្មោះ សាវ៉ន។
លោក ហោ ណាំហុង ៖ «ខ្ញុំជាគណៈកម្មការអ្នកទោស ដោយសារអ្នកទោសនៅបឹងត្របែកនោះ ខ្មែរក្រហមបានចាត់តាំងគណៈកម្មការ ដើម្បីរៀបចំម្ហូបអាហារដោយខ្លួនឯង រស់បានយ៉ាងម៉េចរស់ទៅ។ ដូច្នេះ គ្រាន់តែជាអ្នកប្រតិបត្តិដ៏សាមញ្ញ ដែលមានតួនាទីត្រឹមតែអនុវត្តការងារកំណត់ដោយប្រធានមន្ទីរឃុំឃាំង គឺអា សាវ៉ន ពេលខ្មែរក្រហម។ មេគេឈ្មោះ អា សាវ៉ន»។
កាលពីដើមឆ្នាំ ១៩៩១ លោក ហោ ណាំហុង បានប្ដឹងសម្ដេចមហាវីរក្សត្រ ព្រះបាទ នរោត្តម សីហនុ ទៅតុលាការប្រទេសបារាំងទាក់ទិននឹងការចោទប្រកាន់រូបលោកជាប់ ពាក់ព័ន្ធនឹងការគ្រប់គ្រងគុកបឹងត្របែក ហើយពេលនោះ តុលាការបារាំងបានសម្រេចឲ្យលោក ហោ ណាំហុង ឈ្នះក្ដី។
នៅឆ្នាំ ២០០១ លោក ហោ ណាំហុង បានប្ដឹងលោក កៃ គឹមសុង អ្នកយកព័ត៌មានកាសែត The Cambodia daily ពីបទផ្សាយព័ត៌មានមិនពិត ដែលបានចុះផ្សាយអំពីតួនាទី និងការគ្រប់គ្រងរបស់លោក ហោ ណាំហុង ក្នុងគុកបឹងត្របែកនៅសម័យខ្មែរក្រហម។
តុលាការកម្ពុជាតាំងពីសាលាដំបូងរហូតដល់តុលាការកំពូល បានកាត់ឲ្យលោក ហោ ណាំហុង ឈ្នះក្ដី ហើយតម្រូវឲ្យលោក កៃ គឹមសុង សងសំណងជំងឺចិត្តចំនួន ៣០ លានរៀល ស្មើនឹង ៧ ពាន់ ៥ រយដុល្លារសហរដ្ឋអាមេរិក។
នៅដើមឆ្នាំ ២០១០ លោក ហោ ណាំហុង បានប្ដឹងលោក សម រង្ស៊ី ទៅតុលាការប្រទេសបារាំង ពីបទបរិហារកេរ្តិ៍អំពីសំណុំរឿងដដែលនេះ និងទាមទារសំណង ចំនួន ១៤ ម៉ឺនដុល្លារសហរដ្ឋអាមេរិក។
នៅក្នុងកំឡុងឆ្នាំ ២០១០ ទាំងសាលាដំបូង និងសាលាឧទ្ធរណ៍បារាំង បានកាត់ឲ្យលោក ហោ ណាំហុង ឈ្នះក្ដី។ ប៉ុន្តែ នៅខែមេសា ឆ្នាំ ២០១១ តុលាការកំពូលរបស់បារាំង បានបដិសេធចោលសេចក្ដីសម្រេចរបស់សាលាដំបូង និងសាលាឧទ្ធរណ៍ ហើយសម្រេចឲ្យលោក សម រង្ស៊ី ឈ្នះក្ដីលោក ហោ ណាំហុង ចំពោះការចោទប្រកាន់នោះ៕
0 comments:
Post a Comment