ដោយ រដ្ឋា វីសាល Radio Free Asia.
2011-01-04
នៅខេត្តរតនគិរី ការផ្ដល់ដីសម្បទានសេដ្ឋកិច្ចដល់ក្រុមហ៊ុនវិនិយោគមួយចំនួន ដោយរាជរដ្ឋាភិបាលកម្ពុជា ធ្វើឲ្យកើតមានរឿងតវ៉ាជាបន្តបន្ទាប់ពីក្រុមសហគមន៍ជនជាតិដើម ភាគតិច។
ក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចវៀតណាមមួយកំពុងរងការចោទប្រកាន់ពី អ្នកភូមិជនជាតិដើមនៅខេត្តរតនគិរី ថាបានរំលោភចូលទៅវាស់វែង បាញ់ថ្នាំហ៊ុមព័ទ្ធយកដីធ្លីតំបន់ធ្វើស្រែចម្ការអ្នកភូមិ ហើយធ្វើការគំរាមកំហែងមិនឲ្យអ្នកភូមិតវ៉ាអ្វីឡើយ ដោយសំអាងថាដីនេះគឺជារបស់ក្រុមហ៊ុនវិនិយោគ។
តំណាងអ្នកភូមិយ៉ាសោម ឃុំស៊ឺង លោក ពួយ គឿន មានប្រសាសន៍ថា បុគ្គលិកក្រុមហ៊ុនបានចូលមកក្នុងភូមិយ៉ាងតិចប្រាំលើកនៅក្នុង សប្ដាហ៍កន្លងទៅនេះ ហើយដើរបោះបង្គោលព្រំដី បាញ់ថ្នាំពណ៌ហ៊ុមព័ទ្ធតំបន់ដីធ្លីស្រែចម្ការអ្នកភូមិ ដោយមិនមានសមត្ថកិច្ច ឬអាជ្ញាធរណាទទួលស្គាល់ និងផ្សព្វផ្សាយឲ្យអ្នកភូមិដឹងពីគម្រោងនោះធ្វើដើម្បីអ្វីទេ។ លោកបន្តថា អ្នកភូមិមិនបានដឹងថាក្រុមហ៊ុននោះឈ្មោះអ្វីទេ ក៏ប៉ុន្តែមានបុគ្គលិកជនជាតិវៀតណាម រួមនឹងខ្មែរ បានធ្វើសកម្មភាពនេះ ធ្វើឲ្យអ្នកភូមិភ័យជ្រួលច្របល់ ៖ "ឃើញតែ យួនទៅបាញ់ថ្នាំក្នុងចន្ទី ចង់យកទាំងចម្ការទាំងអីហ្នឹងណា! ភូមិយើងតវ៉ាអត់ឲ្យទេ គេថា បើថាគេយកហ្នឹងសុខចិត្តឲ្យស្លាប់អស់ទៅ។ វាអស់ម៉ាភូមិហ្មង គេចង់យកអស់ម៉ាភូមិហ្មងដីហ្នឹង"។
ប្រធានភូមិយ៉ាសោម លោក រចំ វិន មានប្រសាសន៍ដែរថា ក្រុមហ៊ុននេះចូលមកក្នុងភូមិដោយមិនបានផ្ដល់ព័ត៌មាន ឬមានលិខិតស្នាមណាមួយទាក់ទិនការធ្វើសកម្មភាពក្នុងភូមិនោះទេ។ លោកបន្តថា បានធ្វើសេចក្ដីរាយការណ៍ជូនអាជ្ញាធរឃុំស្រុកហើយ តែមិនមានដំណោះស្រាយបញ្ឈប់សកម្មភាពនេះបាន ៖ "មានអ្នកស្រុកអ្នក ភូមិទៅឃាត់ គេថាបើហែងហ៊ានឃាត់មើលហែងអាយ៉ះក្បាលអាឡូវហើយ។ យួនចូលមកប្រាំសាហើយខ្ទេចខ្ទីក្នុងភូមិហ្នឹងណា ដីហ្នឹងគេថាត្រូវដីគេទាំងអស់ ហីទុកប្រជាពលរដ្ឋនៅណា"។
វិទ្យុអាស៊ីសេរីមិនអាចស្វែងរកអត្តសញ្ញាណក្រុមហ៊ុនរងការចោទ ប្រកាន់ដើម្បីបញ្ជាក់ពីបញ្ហានេះបានទេ នៅថ្ងៃអង្គារ ទី៤ ខែមករា ឆ្នាំ២០១១។ ក៏ប៉ុន្តែអភិបាលរងស្រុកបរកែវ លោក សុក ពៅ មានប្រសាសន៍បញ្ជាក់ថា អាជ្ញាធរស្រុកបានបណ្ដេញបុគ្គលិកក្រុមហ៊ុនមិនឲ្យធ្វើសកម្មភាពនៅ តំបន់អ្នកភូមិនោះទៀតទេ ដោយសារក្រុមហ៊ុននេះមិនមានឯកសារទាក់ទិនដីសម្បទាននៅតំបន់នោះ ៖ "ស្រុក ដេញឲ្យទៅជួបជាមួយខេត្តនិយាយឡើងវិញ។ ឯកសារធ្វើពីថ្នាក់ជាតិមកហ្នឹងសុំដីលំផាត់ ដល់មកវាស់ៗ ចូលដីបរកែវ ខ្ញុំអត់ព្រម"។
ប្រធានមន្ទីរកសិកម្មខេត្តរតនគិរី លោក សយ សូណា មានប្រសាសន៍ដែរថា ក្រុមហ៊ុនដែលកំពុងមានបញ្ហាជាមួយអ្នកភូមិ គឺជាក្រុមហ៊ុនវៀតណាម ឈ្មោះ អេ លែវ យ៉ញ ស្តុក (ឯកសារមិនមានសរសេរជាអក្សរ ឡាតាំងទេ) ដែលទទួលបានគម្រោងដីសម្បទានសេដ្ឋកិច្ចផ្នែកកសិកម្ម នៅស្រុកលំផាត់ ប្រមាណ ៨០០០ហិកតារ ក៏ប៉ុន្តែឋិតក្នុងការសិក្សាពីផលប៉ះពាល់នៅឡើយ។
របាយការណ៍របស់មន្ទីរកសិកម្មខេត្តរតនគិរីឲ្យដឹងថា គិតត្រឹមចុងឆ្នាំ២០១០ រាជរដ្ឋាភិបាលបានចេញគោលការណ៍ផ្ដល់ដីសម្បទានសេដ្ឋកិច្ចផ្នែក កសិកម្មនៅខេត្តនេះឲ្យក្រុមហ៊ុនក្នុង និងក្រៅប្រទេសចំនួន ៩ក្រុមហ៊ុន ហើយក្នុងនោះមានក្រុមហ៊ុនចំនួនប្រាំកំពុងដំណើរការ។
អ្នកសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក ខេត្តរតនគិរី លោក ប៉ែន ប៊ុណ្ណារ៏ មានប្រសាសន៍ថា បុគ្គលិកសមាគមកំពុងអង្កេតសេចក្ដីរាយការណ៍នេះហើយ ដើម្បីធ្វើកិច្ចអន្តរាគមន៍ជួយដល់អ្នកភូមិ។
យ៉ាងនេះក្តី អ្នកភូមិឲ្យដឹងថា សហគមន៍ភូមិយ៉ាសោមបានចុះបញ្ជីទទួលស្គាល់ពីក្រសួងមហាផ្ទៃរួចហើយ ស្ដីពីការបង្កើតសហគមន៍ជនជាតិដើមនៅខេត្តរតនគិរី។ ហេតុនេះហើយអ្នកភូមិគ្រោងនឹងធ្វើញត្តិស្ដីពីករណីគំរាមកំហែងនេះ ជូនអាជ្ញាធរខេត្ត និងថ្នាក់រាជរដ្ឋាភិបាល ដើម្បីជួយទប់ស្កាត់ករណីហ៊ុមព័ទ្ធយកដីរបស់អ្នកភូមិ ដែលគ្រោងធ្វើការចុះបញ្ជីដីធ្លីសមូហភាពសហគមន៍ នៅពេលខាងមុខនេះ៕
0 comments:
Post a Comment