ផែនទីប្រទេសចិនរុស្ស៊ី និងអាស៊ីកណ្តាល
©
នៅដើមទសវត្សរ៍ទី៩០ អ្វីដែលធ្វើឲ្យថ្នាក់ដឹកនាំចិនបារម្ភខ្លាំង គឺមនោគមវិជ្ជាអ៊ីស្លាមជ្រុលនិយម ដោយហេតុតែការប្រែប្រួលស្ថានភាពនៅតំបន់អាស៊ីកណ្តាល និងជាពិសេស នៅប្រទេស អាហ្កហ្កានីស្តង់(Afghanistan)។ គឺនៅក្នុងបរិបទនេះហើយដែលទីក្រុងប៉េកាំងសម្រេចប្តូរយុទ្ធសាស្រ្ត របស់ខ្លួន។
នៅដើមទសវត្សរ៍ទី៩០ ថ្នាក់ដឹកនាំចិនបានសម្រេចប្តូរយុទ្ធសាស្រ្តរបស់ខ្លួនជាថ្មីម្តង ទៀត ពីព្រោះភូមិសាស្ត្រនយោបាយពិភពលោក និងស្ថានភាពក្នុងប្រទេសចិនប្រែប្រួល។ នៅលើឆាកអន្តរជាតិ បរិបទផ្លាស់ប្តូរ ដោយហេតុតែការរលាយបាត់ទៅនៃសហភាពសូវៀត នៅថ្ងៃទី២៦ធ្នូឆ្នាំ១៩៩១។ នៅក្នុងប្រទេសចិនវិញ មានការរំជើបរំជួលកើតឡើង នៅស៊ីងជាំង (Xinjiang) ប៉ែកខាងលិចនៃប្រទេស។ នៅទីនោះ ពួកអ៊ុយហ្កួរ (Ouïgours) ដែលជាអ្នកកាន់សាសនាអ៊ីស្លាម នាំគ្នាទាមទារឯករាជ្យបង្កឃាតកម្មនិងភេរវកម្ម។
ហេតុអ្វីបានជាថ្នាក់ដឹកនាំចិនត្រូវបង្ខំចិត្តប្តូរយុទ្ធសាស្ត្រ ក្រោយពេលដែលសហភាពសូវៀត រលាយ? ការរលាយបាត់ទៅនៃសហភាពសូវៀតបានធ្វើឲ្យសាធារណរដ្ឋអាស៊ីកណ្តាល ទាំងប្រាំ គឺ Kazakhstan Kirghizstan Ouzbékistan Tadjikistan និង Turkménistan ក្លាយជារដ្ឋឯករាជ។ ក្រោយឆ្នាំ១៩៩១ អាស៊ីកណ្តាលលែងជាកម្មសិទ្ធរបស់រុស្ស៊ីទៀតហើយ ជាហេតុធ្វើឲ្យចិនសម្លឹងឃើញប្រេងកាតដ៏ច្រើនសន្ធឹកសន្ធាប់របស់ តំបន់នេះ។ តាមពិត សូម្បីតែរុស្ស៊ីខ្លួនឯង សហរដ្ឋអាមេរិក និងឥណ្ឌា ក៏សម្លឹងឃើញប្រយោជន៍នៃភូមិភាគអាស៊ីកណ្តាលនេះដែរ។
ម៉្យាងវិញទៀត ចិនចាំបាច់ត្រូវតែយកចិត្តទុកដាក់ទៅលើតំបន់យុទ្ធសាស្ត្រមួយនេះ ជាទីដែលប្រជាជនច្រើនលើសលប់ជាអ្នកកាន់សាសនាអ៊ីស្លាម ពីព្រោះមនោគមវិជ្ជាអ៊ីស្លាមជ្រុលនិយមអាចធ្លាយចេញពីតំបន់អាស៊ី កណ្តាលនេះ ហើយអាចឆ្លងចូលមកក្នុងខេត្តស៊ីងជាំងរបស់ចិន ដែលជាប់ជិតបង្កើយនៅទីនោះ។
ប្រឈមមុខនឹងបរិបទថ្មីបែបនេះនៃពិភពលោក ថ្នាក់ដឹកនាំចិនបានជ្រើសយកយុទ្ធសាស្ត្រពីរ ដែលត្រូវអនុវត្តទន្ទឹមគ្នា។ នៅម្ខាង ចិនត្រូវខ្នះខ្នែងបន្តរក្សាស្ថិរភាពនៅក្នុងតំបន់ជុំវិញខ្លួន ដើម្បីឲ្យប្រទេសខ្លួនអាចបន្តបោះជំហាន ទៅរកភាពរុងរឿងផ្នែកសេដ្ឋកិច្ចបាន។ នៅម្ខាងទៀត ចិនត្រូវរកមធ្យោបាយទប់ទល់នឹងការគំរាមកំហែងនៃមនោគមវិជ្ជាអ៊ីស្លាម ជ្រុលនិយម។ ដើម្បីរក្សាស្ថិរភាពនៅក្នុងតំបន់ ថ្នាក់ដឹកនាំចិនផ្តើមសម្រួលទំនាក់ទំនងទូត ជាមួយប្រទេសអាស៊ីកណ្តាលទាំងប្រាំ ចាប់ពីខែមករាឆ្នាំ១៩៩២ទៅ។
ដោយឡែក ចាប់ពីឆ្នាំ១៩៩២ទៅដែរ ចិននិងរុស្ស៊ីក៏ផ្តើមខិតចូលជិតគ្នា ពីព្រោះប្រទេសទាំងពីរបារម្ភខ្លាំង នៅចំពោះមុខពួកតាលីបង់ (Taliban) ដែលជាពួកឆ្គួតលីលានឹងមនោគមវិជ្ជាអ៊ីស្លាមជ្រុលនិយម និងដែលកំពុងវាយក្តោបក្តាប់យកប្រទេសអាហ្កហ្កានីស្តង់ (Afghanistan)។ នៅខែកញ្ញាឆ្នាំ១៩៩៦ ពួកតាលីបង់ចូលកាន់កាប់ទីក្រុងKaboul ជាហេតុជំរុញចិននិងរុស្ស៊ីឲ្យរួបរួមគ្នា ដើម្បីទប់ស្កាត់កុំឲ្យឥទ្ធិពលអ៊ីស្លាមជ្រុលនិយមធ្លាយចេញពី អាហ្កហ្កានីស្តង់ចូលមកក្នុងតំបន់អាស៊ីកណ្តាល។ ក្នុងន័យនេះ នៅឆ្នាំ១៩៩៦ ចិនរុស្ស៊ី Kazakhstan, Kirghizstan និងTadjikistan បានបង្កើតក្រុមសៀងហៃ«Groupe de Shanghai»។ អង្គការនេះ ដែលក្រោយមក គឺនៅឆ្នាំ២០០១ Ouzbékistan សូមចូលជាសមាជិកដែរនោះ មានគោលដៅពីរ។ ទីមួយគឺប្រយុទ្ធទប់ទល់នឹងភេរវកម្ម និងទីពីរគឺពួតដៃគ្នាទប់ស្កាត់កុំឲ្យសហរដ្ឋអាមេរិកអុងអាត់តែ ឯកឯងពេក នៅលើឆាកអន្តរជាតិ។
សម្រេចសម្រួចទៅ ពេញមួយទសវត្សរ៍ទី៩០ ចិនមិនត្រឹមតែរក្សាស្ថិរភាពបានល្អ នៅក្នុងតំបន់ជុំវិញប្រទេសខ្លួនប៉ុណ្ណោះទេ លើសពីនេះទៅទៀត ចិនបានឆ្លៀតប្រឹងប្រែងដោះស្រាយបញ្ហាព្រំដែន ជាមួយបណ្តាប្រទេសជិតខាង។ គោលដៅ គឺធានាឲ្យការអភិវឌ្ឍន៍សេដ្ឋកិច្ចនៃប្រទេសបន្តមានសន្ទុះទៅមុខ។ អ៊ីចឹងហើយបានជា ពីឆ្នាំ១៩៩១ដល់ឆ្នាំ១៩៩៩ ថ្នាក់ដឹកនាំចិនបានធ្វើកិច្ចចរចាព្រំដែនជាមួយរុស្ស៊ី Kazakhstan, Kirghizstan, Vietnam និងក្រោយមកទៀតជាមួយឥណ្ឌា។ ដំណោះស្រាយព្រំដែនទាំងអស់នេះ បានអនុញ្ញាតឲ្យពាណិជ្ជកម្មកើនសន្ទុះ នៅតាមបណ្តោយតំបន់ព្រំប្រទល់ និងបានអនុញ្ញាតឲ្យប្រជាជន ដែលរស់នៅទីនោះផ្តើមស្គាល់សេដ្ឋកិច្ចទីផ្សារ ស្របទៅតាមមហិច្ឆតារបស់តេង សៀវប៉េង។ ក៏ប៉ុន្តែ នៅចុងទសវត្សរ៍ទី៩០ ថ្នាក់ដឹកនាំចិនមើលឃើញការគំរាមកំហែងមួយថ្មី នោះគឺឥរិយាបទអុងអាត់របស់សហរដ្ឋអាមេរិក នៅលើឆាកអន្តរជាតិ៕
Source: RFI
0 comments:
Post a Comment