ពិធី សម្ពោធដាក់បង្គោលព្រំដែនកម្ពុជា-វៀតណាមជាលើកទីមួយនៅខេត្ត ស្វាយរៀង
© សុវណ្ណារ៉ា/RFI
ប៉ុន្មានថ្ងៃចុងក្រោយនេះ គណបក្សប្រឆាំងបានបរិហារអំពីការបាត់បង់ទឹកដីនៅក្នុងខេត្តតាកែវ ដោយសារតែការបោះបង្គោលព្រំដែនលេខ២៧០ នៅក្នុងឃុំជ័យជោគ ស្រុកបុរីជលសា។ ប្រជាពលរដ្ឋនៅទីនោះមួយចំនួនបានតវ៉ាថា បង្គោលត្រូវបានបោះនៅលើដីស្រែរបស់ពួកគេ។ ពួកអ្នកភូមិទាំងនោះបានព្រួយបារម្ភអំពីការបាត់បង់ដីស្រែរបស់ ខ្លួនដែលធ្លាប់បានកាន់កាប់ជាយូរមកហើយ។
កាលពីថ្ងៃព្រហស្បតិ៍តំណាងរាស្រ្តគណបក្សសមរង្ស៊ីមួយក្រុមដែល មានគ្នាជាង២០នាក់បានចុះហត្ថលេខាលើញ្ញត្តិមួយផ្ញើទៅលោកនាយក រដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីសុំឲ្យរដ្ឋាភិបាលផ្អាកការបោះបង្គោលព្រំដែនក្នុងខេត្ត តាកែវ ជាបណ្តោះអាសន្នសិន ដើម្បីធ្វើការសិក្សាឲ្យបានច្បាស់លាស់មុននឹងចាប់ផ្តើមការងារជា ថ្មី។ បើយោងតាមញ្ញត្តិរបស់តំណាងរាស្រ្តគណបក្សសមរង្ស៊ី ដីស្រែរបស់កសិករខ្មែររាប់សិបហិកតានៅស្រុកបុរីជលសាបានបាត់បង់ ចូលក្នុងទឹកដីវៀតណាមដោយសារតែការបោះបង្គោលព្រំដែន។
ប៉ុន្តែអាជ្ញាធរខេត្តតាកែវ ក៏ដូចជាគណៈកម្មាធិការទទួលបន្ទុកកិច្ចការព្រំដែនរបស់រដ្ឋាភិបាល ដែរ បានបដិសេធព័ត៌មាននេះដោយពួកគេអះអាងថាដីដែលគេបានបោះបង្គោលនោះ គឺជាដីវាលស្មៅនៅតាមជាយដែនដែលមិនមែនជាកម្មសិទ្ធិរបស់អ្នកណា ឡើយ។ អ្នកជំនាញការព្រំដែនរបស់រដ្ឋាភិបាលបានចោទប្រកាន់គណបក្សប្រឆាំង ថាបានបំផ្លោងព័ត៌មាន ដើម្បីញុះញង់ប្រជាពលរដ្ឋឲ្យបះបោរប្រឆាំងរដ្ឋាភិបាល។
បញ្ហាក្នុងខេត្តតាកែវបានធ្វើឲ្យគេនឹកឃើញដល់បញ្ហាក្នុងខេត្ត ស្វាយរៀង។ លោក សម រង្ស៊ី មេដឹកនាំបក្សប្រឆាំងត្រូវបានតុលាការខេត្តស្វាយរៀងកាត់ទោសឲ្យ ជាប់ពន្ធនាគារពីរឆ្នាំពីបទបំផ្លាញទ្រព្យសម្បត្តិសាធារណៈបន្ទាប់ពី លោកបានដកបង្គោលព្រំដែននៅក្នុងស្រុកសំរោង។ កសិករពីរនាក់ដែលបានចូលរួមដកបង្គោលជាមួយលោក សម រង្ស៊ី ក៏ត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារម្នាក់មួយឆ្នាំផង ដែរ។ ឥឡូវនេះលោក សម រង្ស៊ី កំពុងជាប់បណ្តឹងមួយផ្សេងទៀត នៅតុលាការរាជធានីភ្នំពេញ ពីបទក្លែងបន្លំឯកសារសាធារណៈ បន្ទាប់ពីលោកបានផ្សព្វផ្សាយផែនទីដែលបង្ហាញពីការបាត់បង់ទឹកដី។ ប៉ុន្តែមេធាវីរដ្ឋាភិបាលបានប្តឹងលោក សម រង្ស៊ី ថាបានផ្សាយផែនទីដែលមាននិយាមការមិនត្រឹមត្រូវ។
តំណាងរាស្រ្តគណបក្សសមរង្ស៊ីគ្រោងចុះទៅពិនិត្យបង្គោលព្រំដែននៅ ក្នុងខេត្តតាកែវនាពេលឆាប់ៗនេះ។ នៅឯក្រៅប្រទេសឯណោះវិញ លោក សម រង្ស៊ី ដែលបានភៀសខ្លួនពីការតាមចាប់របស់អាជ្ញាធរខ្មែរបាននិងកំពុង បើកយុទ្ធនាការប្រឆាំងរដ្ឋាភិបាលយ៉ាងខ្លាំងក្លាជុំវិញការបោះ បង្គោលព្រំដែនជាមួយវៀតណាម៕
0 comments:
Post a Comment