រម្លឹក ខួប៦១ឆ្នាំនៃថ្ងៃបាត់បង់ទឹកដីខ្មែរកម្ពុជាក្រោម
© លី ម៉េងហួរ
ដើម្បី រម្លឹកខួប៦១ឆ្នាំនៃថ្ងៃបាត់បង់ទឹកដីខ្មែរកម្ពុជាក្រោម ក្រុមអង្គការសមាគមដែលជាអ្នកមានឈាមជ័រលើទឹកដីខ្មែរកម្ពុជា ក្រោមរាប់សិបនាក់បានប្រារព្ធពិធីជួបជុំនៅព្រឹកថ្ងៃទី៤មិថុនា នេះ នៅវត្តសាមគ្គីរង្សី ក្នុងរាជធានីភ្នំពេញ។
ពិធីជួបជុំនោះ មានការចូលរួមពីព្រះសង្ឃ ពលរដ្ឋខ្មែរ ថ្នាក់ដឹកនាំអង្គការសមាគមខ្មែរកម្ពុជាក្រោម និងមានវត្តមានរបស់ថ្នាក់ដឹកនាំសមាជិកសភាគណបក្សសមរង្ស៊ី ព្រមទាំងមានព្រះរាជតំណាងរបស់ព្រះមហាក្សត្រ នរោត្តម សីហមុនី ចូលរួមផងដែរ។ ក្នុងពិធីនៅព្រឹកមិញ ក្រៅតែពីសេចក្តីថ្លែងការណ៍កាន់ទុក្ខការបាត់បង់ទឹកដីខ្មែរ កម្ពុជាក្រោម កាលពី៦១ឆ្នាំមុន ក៏មានពិធីរាប់បាត្រព្រះសង្ឃចំនួន១៩៤៩អង្គ ដើម្បីតំណាងឲ្យឆ្នាំ១៩៤៩ដែលអាណានិគមបារាំងបានសម្រេចកាត់ដី ខ្មែរកម្ពុជាក្រោមរបស់ប្រទេសកម្ពុជា ប្រគល់ឲ្យប្រទេសវៀតណាមគ្រប់គ្រងមកដល់សព្វថ្ងៃនេះ។ក្នុងសន្ទរកថាតំណាងព្រះមហាក្សត្រថ្នាក់ដឹកនាំអង្គការសមាគមខ្មែរ កម្ពុជារួមទាំងថ្នាក់ដឹកនាំគណបក្សសមរង្ស៊ី ដែលមានវត្តមានក្នុងពិធីជួបជុំនោះបានសម្តែងការសោកស្តាយចំពោះ ការបាត់បង់ទឹកដីខ្មែរកម្ពុជាក្រោម។ ការធ្វើទុកបុកម្នេញលើពលរដ្ឋខ្មែរកម្ពុជាក្រោម ក្នុងរយៈពេល៦១ឆ្នាំក្រោមការគ្រប់គ្រងរបស់អាជ្ញាធរវៀតណាម ក៏ត្រូវបានលើកឡើងដែលរួមមាន៖ ការគាបសង្កត់បិទសិទ្ធិសេរីភាពគ្រប់បែបយ៉ាង ការលុបបំបាត់ជំនឿសាសនា អក្សរសាស្ត្រ ប្រពៃណីទំនៀមទម្លាប់បង្ខំឲ្យខ្មែរកម្ពុជាក្រោមស្លៀកសម្លៀកបំពាក់ វៀតណាម ពាក់ដួន និងការរឹបអូសយកដីធ្លីជាដើម។ ពេលខ្លះអាជ្ញាធរវៀតណាមបានបង្ក្រាបដោយការសម្លាប់និងចាប់ដាក់ ពន្ធនាគារលើពលរដ្ឋខ្មែរកម្ពុជាក្រោមដែលងើបតស៊ូរើបំរាស់នឹងការ គាបសង្កត់នោះ។
ក្រៅពីនេះ តំណាងសហគមន៍ខ្មែរកម្ពុជាក្រោមបានហៅការបាត់បង់ទឹកដីខ្មែរកម្ពុជា ក្រោម ថាជារឿងអយុត្តិធម៌ ជាប្រវត្តិសាស្ត្រដ៏ល្វីងជូរចត់ និងជាទិវាកាន់ទុក្ខជាតិខ្មែរ នៃការបាត់បង់ទឹកដីខ្មែរកម្ពុជាក្រោម។ សហគមន៍ខ្មែរកម្ពុជាក្រោម ក៏បានឧទ្ទិសព្រឹត្តិការណ៍បាត់បង់ទឹកដីនេះ ដើម្បីកុំឲ្យដានប្រវត្តិសាស្ត្រចាស់វិលមកជាថ្មីទៀត។ ខ្មែរកម្ពុជាក្រោមក៏បានចិញ្ចឹមចិត្តទាមទារទឹកដីខ្មែរកម្ពុជា ក្រោមមកវិញនិងចង់ឲ្យរដ្ឋាភិបាលកម្ពុជាកំណត់ថ្ងៃ៤មិថុនានេះ ជាទិវាបុណ្យជាតិផងដែរ។ សម្រាប់រដ្ឋាភិបាលកម្ពុជាទោះជាមិនបានចូលរួមក្នុងពិធីជួបជុំនៅ ថ្ងៃនេះ ក៏ប៉ុន្តែមន្ត្រីរដ្ឋាភិបាលបានចូលរួមសម្តែងការសោកស្តាយចំពោះការ បាត់បង់ទឹកដីខ្មែរកម្ពុជាក្រោមនេះដែរ។
លោកទិត សុធា អ្នកនាំពាក្យអង្គភាពព័ត៌មាននិងប្រតិកម្មរហ័សរបស់ទីស្តីការគណៈ រដ្ឋមន្ត្រីបានចាត់ទុកការបាត់បង់ដីកម្ពុជាក្រោម ជាសំណល់នៃប្រវត្តិសាស្ត្រ ដែលបន្សល់ទុកពីមេដឹកនាំមុនៗ។ ម្យ៉ាងព្រឹត្តិការណ៍នេះ ក៏ជាអាចជាមេរៀនឲ្យមេដឹកនាំក្រោយៗ ឲ្យមានការចងចាំនិងប្រយ័ត្នប្រយែងក្នុងការការពារអធិបតេយ្យ បូរណភាពទឹកដីកម្ពុជាផងដែរ។ លោកទិត សុធាបានបន្ថែមថា ការទាមទារថ្ងៃបាត់ង់ទឹកដីកម្ពុជាក្រោម ជាថ្ងៃឈប់ម្រាក ឬចង់បានទឹកដីខ្មែរកម្ពុជាក្រោមមកវិញ គឺជាទិដ្ឋភាពច្បាប់និងជាប្រវត្តិសាស្ត្រដែលយើងមិនអាចធ្វើបាន នោះទេ។
ចំណែកអាជ្ញាធរវៀតណាមវិញ តែងតែបដិសេធនូវរាល់សេចក្តីរាយការណ៍ ទាក់ទងនឹងការរំលោភសិទ្ធិមនុស្សលើពលរដ្ឋខ្មែរកម្ពុជាក្រោម។ រដ្ឋាភិបាលក្រុងហាណូយបានអះអាងថា ខ្លួនបានចាត់ទុកពលរដ្ឋខ្មែរក្រោម ជាជនជាតិភាគតិចមួយក្រុម ក្នុងចំណោមជនជាតិភាគតិចជាង៥០ដែលកំពុងរស់នៅលើទឹកដីវៀតណាម ដោយបានយកចិត្តទុកដាក់ទំនុកបម្រុងលើពលរដ្ឋខ្មែរកម្ពុជាក្រោម ដូចពលរដ្ឋវៀតណាមអីចឹងដែរ៕
0 comments:
Post a Comment