នៅខេត្ត តាកែវគណបក្សប្រឆាំងបានចោទប្រកាន់ថាអាជ្ញាធរវៀតណាមនិង ខ្មែរបានរារាំងមិនឲ្យកសិករខ្មែរធ្វើស្រែលើដីរបស់ខ្លួន
© សុវណ្ណារ៉ា/RFI
កាលពីចុងខែតុលាឆ្នាំ២០០៩កន្លងទៅនេះបញ្ហាចម្រូងចម្រាសជាមួយ កសិករជុំវិញការបោះបង្គោលព្រំដែនក៏បានកើតឡើងផងដែរនៅឯភូមិ កោះក្បានកណ្តាលឃុំសំរោងស្រុកចន្ទ្រាខេត្តស្វាយរៀង។កសិករមួយក្រុម បានអះអាងថាបង្គោលព្រំដែនត្រូវបានគេបោះនៅលើដីស្រែរបស់ពួកគេ។ នេះជាដើមចមដែលនាំដល់ការដកតម្រុយបង្គោលព្រំដែនចំនួន៦ដើម គ្រវាត់ចោលដោយមានការចូលរួមពីសំណាក់លោកសមរង្ស៊ីប្រធានគណបក្ស ប្រឆាំង។លោកសមរង្ស៊ីនិងកសិករពីរនាក់ត្រូវបានតុលាការផ្តន្ទាទោស ឲ្យជាប់ពន្ធនាគាររហូតមកទល់សព្វថ្ងៃ។ប៉ុន្តែមេដឹកនាំបក្សប្រឆាំង បានភៀសខ្លួនទៅក្រៅប្រទេស។
នៅឯជាយដែនប៉ែកខាងលិចវិញក៏មានសេចក្តីរាយការណ៍ជាញឹកញាប់អំពី ការរំខានរបស់ភាគីថៃដល់ការងាររបស់កសិករខ្មែរដែរ។ជាក់ស្តែងកាល ពីថ្ងៃទី១៣មិថុនានេះកសិករខ្មែរនៅក្បែរច្រកព្រំដែនបឹងត្រកួន ត្រូវបានអាជ្ញាធរនិងកសិករថៃរារាំងមិនឲ្យភ្ជួររាស់ដីដែលពួកគេ ធ្លាប់ធ្វើស្រែជារៀងរាល់ឆ្នាំ។ប៉ុន្តែអាជ្ញាធរដែនដីនៃភាគីទាំង ពីរបានជួបប្រជុំគ្នាជាបន្ទាន់ដើម្បីដោះស្រាយដោយអនុញ្ញាតឲ្យ កសិករខ្មែរធ្វើស្រែតាមទម្លាប់ឡើងវិញ។
ងាកទៅមើលខេត្តតាកែវវិញគណបក្សប្រឆាំងបានចោទប្រកាន់ថាអាជ្ញាធរ វៀតណាមនិងខ្មែរបានរារាំងមិនឲ្យកសិករខ្មែរធ្វើស្រែលើដីរបស់ ខ្លួន។បក្សប្រឆាំងបានរិះគន់ថាការបោះបង្គោលព្រំដែនបានធ្វើឲ្យ បាត់បង់ទឹកដីខ្មែរ។ប៉ុន្តែលោកវ៉ាគឹមហុងប្រធានគណៈកម្មការព្រំដែន របស់រដ្ឋាភិបាលកម្ពុជាបានអះអាងប្រាប់អ្នកកាសែតថាគ្មានអាជ្ញាធរ វៀតណាមមកហាមប្រាមកសិករខ្មែរទេតែគឺជាការហាមប្រាមរបស់អាជ្ញាធរ ខ្មែរដោយខ្លាចមានការរំខានដល់ការងារបោះបង្គោលព្រំដែន។
បើយោងតាមប្រសាសន៍របស់លោកវ៉ាគឹមហុងដីនៅទីនោះជាវាលស្មៅនិង មិនមែនជាកម្មសិទ្ធិរបស់កសិករខ្មែរទេ។រីឯការហាមឃាត់នេះគ្រាន់ តែធ្វើឡើងជាបណ្តោះអាសន្នតែប៉ុណ្ណោះ។លោកវ៉ាគឹមហុងបានអះអាងថា គ្មានការបាត់បង់ដីខ្មែរដូចការចោទប្រកាន់របស់បក្សប្រឆាំងនោះ ឡើយ។
យ៉ាងណាក៏ដោយបញ្ហាព្រំដែននៅតែជារឿងចម្រូងចម្រាសមួយដែលតែងដុត កម្តៅឆាកនយោបាយខ្មែរមិនចេះចប់មិនចេះហើយហើយអ្នកដែលទទួលរង គ្រោះមុនគេគឺកសិករនៅតាមជាយដែន៕
Source: RFI
0 comments:
Post a Comment