សម្រែកទាមទាររបស់ប្រជាជនបាត់បង់ដីធ្លីជាស្នូរជួងប្រាប់ រដ្ឋាភិបាលអោយជួយដោះស្រាយ។ តើហេតុអ្វីបានជាប្រជាជនបាត់បង់ដីធ្លីឬមានជម្លោះដីធ្លី? ហើយថាតើគេត្រូវជួយពួកគាត់យ៉ាងដូចម្តេច?
បញ្ហាដីធ្លីកំពុងក្លាយទៅជាប្រធានបទបច្ចុប្បន្នភាពដ៏សំខាន់នៅ ក្នុងសង្គមខ្មែរក្នុងរយៈពេលចុងក្រោយនេះ។ សម្លេងទាមទារដីធ្លីរបស់ប្រជាជនក្រីក្រកាន់តែមានទំហំធំឡើងៗពីមួយ ថ្ងៃទៅមួយថ្ងៃ។
ប្រជាជនខ្លះអត់ទ្រាំពុំបាន ក៏បាននាំគ្នាឡើងមកទីក្រុងភ្នំពេញដើម្បីជម្រាបប្រាប់លោកនាយក រដ្ឋមន្រ្តីហ៊ុន សែន ដោយផ្ទាល់តែម្តង។ ប្រជាជនខ្លះទៀតមិនដឹងជាធ្វើយ៉ាងដូចម្តេចបានត្រឹមតែតាក់តែងបទ ចំរៀងច្រៀងរៀបរាប់ប្រាប់ពីការបាត់បង់ដីធ្លីរបស់ខ្លួន។ រីឯប្រជាជនខ្លះទៀត មិនមានក្តីសង្ឃឹមក្នុងការរកដំណោះស្រាយក៏សុខចិត្ត បោះបង់ការទាមទាររបស់ខ្លួនហើយដើរចេញពីគូរជម្លោះ។
កាលពីសប្តាហ៍មុននេះ តំណាងប្រជាជនបាត់បង់ដីធ្លីឬមានជម្លោះដីធ្លីតាមខេត្តជាច្រើនរយ នាក់បានឡើងមកទីក្រុងភ្នំពេញដើម្បីដាក់ញត្តិជូនលោក ស៊ូយ៉ា ប្រាសាត ស៊ូប៊ឺឌី តំណាងពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្សដែល បានមកបំពេញបេសកម្មនៅក្នុងប្រទេសកម្ពុជារយៈខ្លី។
ការដាក់ញត្តិជូនតំណាងអង្គការសហប្រជាជាតិរូបនេះ គឺក្នុងគោលបំណងជំរុញអោយតំណាងពិសេសរូបនេះទៅជម្រាបប្រាប់លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីជួយដោះស្រាយរឿងវិវាទដីធ្លីជូនប្រជាជនក្រីក្រ។
តើអ្វីជាមូលហេតុចម្បងដែលជំរុញអោយមានជម្លោះដីធ្លីកាន់តែច្រើន ឡើងៗរវាងសហគមន៍និងក្រុមហ៊ុនឯកជននោះ?
បើយោងតាមការកត់សម្គាល់របស់មន្រ្តីអង្គការការពារសិទ្ធិមនុស្ស បញ្ហាជម្លោះដីធ្លីភាគច្រើនបណ្តាលមកពីមូលហេតុបីយ៉ាងធំៗ។ ទីមួយ៖គឺបណ្តាលមកពីការផ្តល់ដីសម្បទានសេដ្ឋកិច្ចរបស់រដ្ឋាភិបាល ទៅអោយក្រុមហ៊ុនវិនិយោគដាំដំណាំកសិកម្មក្នុងទំហំដីធំៗហើយមានរយៈ ពេលរហូតដល់ទៅ៩៩ឆ្នាំឯណោះ។
ការផ្តល់ដីវិនិយោគក្នុងទំហំធំយ៉ាងដូច្នេះជារឿយៗវាប៉ះពាល់ដល់ការ ប្រកបរបរចិញ្ចឹមជីវិតរបស់ប្រជាជនក្រីក្រដែលតាំងទីលំនៅក្នុង តំបន់នោះតាំងពីយូរយាណាស់មកហើយ។
បញ្ហាទីពីរ៖គឺបណ្តាលមកពីគម្រោងអភិវឌ្ឍន៍ធំៗនៅទីក្រុងភ្នំពេញ។ គម្រោងទាំងនេះ ភាគច្រើនបានទទួលសិទ្ធិវិនិយោគនៅលើតំបន់ដែលគេហៅថាតំបន់សំណង់ មិនរៀបរយឬតំបន់សំណង់អាណាធិបតេយ្យ។ ការវិនិយោគក្នុងទម្រង់ទីពីរនេ ប្រជាជនត្រូវបានគេបង្ខំអោយចាកចេញពីលំនៅដ្ឋានរបស់ខ្លួនជាថ្នូរ នឹងប្រាក់សំណងដែលប្រជាជនមិនពេញចិត្តហើយបញ្ហាទីបីគឺដោយសារការ អនុវត្តច្បាប់នៅមានចន្លោះប្រហោង។
ក្នុងរយៈពេល៥ខែដើមឆ្នាំ២០១០នេះ របាយការណ៍របស់អង្គការ Adhoc បានបង្ហាញថា មានជម្លោះដីធ្លី៦០ករណីធំៗបានកើតមានឡើងនៅក្នុងប្រទេសកម្ពុជា។ ម៉្យាងវិញទៀត រហូតមកដល់ពេលនេះប្រជាជនចំនួន១៨៧នាក់ត្រូវបានតុលាការធ្វើការ ចោទប្រកាន់ទាក់ទងទៅនឹងជម្លោះដីធ្លីនិងមានប្រជាជន៤២នាក់កំពុង ជាប់ពន្ធនាគារ។
នៅពេលដែលមានការវិនិយោគកាន់តែច្រើនហើយផ្ទុយទៅវិញគេឮសម្រែក ស្រែកយំរបស់ប្រជាជនក្រីក្រកាន់តែខ្លាំងនោះ បញ្ហានេះបានបង្កអោយមានសំណួរជាច្រើនបានលើកឡើងថា តើការវិនិយោគឬការអភិវឌ្ឍន៍ប្រភេទនេះមានអត្ថន័យយ៉ាងដូចម្តេច?
ទាក់ទងទៅនឹងសំណួរនេះ អ្នករិៈគន់មួយចំនួនបានបញ្ចេញមតិថា ពួកគេមិនជំទាស់ទៅនឹងគម្រោងអភិវឌ្ឍន៍ទេប៉ុន្តែការអភិវឌ្ឍន៍ឬ ការវិនិយោគត្រូវតែបម្រើផលប្រយោជន៍ដល់ប្រជាជនក្រីក្រ។ និយាយបញ្ច្រាសមកវិញ ការអភិវឌ្ឍន៍ឬការវិនិយោគណាដែលបម្រើផលប្រយោជន៍អោយតែក្រុមអ្នកមាន ហើយផាត់ចោលក្រុមអ្នកក្រីក្រនោះ នោះការវិនិយោគឬការអភិវឌ្ឍន៍ប្រភេទនេះ នឹងប្រាសចាកអត្ថន័យរបស់វា។
លោក ឈិត សំអាត នាយកប្រតិបត្តិនៃអង្គការ NGO FORUM បាននិយាយថា រដ្ឋាភិបាលគួរពិនិត្យមើលឡើងវិញនូវនិតិវិធីផ្តល់ដីសម្បទាន សេដ្ឋកិច្ចដល់ក្រុមហ៊ុនឯកជនពីព្រោះការផ្តល់ដីសម្បទានសេដ្ឋកិច្ចនេះ ពេលខ្លះវាប៉ះពាល់ដល់ដីស្រែចម្ការដូនតារបស់ប្រជាជនភាគតិចឬ ប្រជាជនជាទូទៅ។
ដូចេ្នះ ដើម្បីចៀសវាងជម្លោះ រដ្ឋាភិបាលត្រូវតែដោះស្រាយដីធ្លីជូនប្រជាជនក្រីក្រអោយបានសមរម្យឬ ផ្តល់សំណងសមរម្យសម្រាប់ពួកគេ។ លោក ឈិត សំអាត អំពាវនាវអោយរដ្ឋាភិបាលដកយកដីសម្បទានសេដ្ឋកិច្ចពីក្រុមហ៊ុនណាដែល មិនបានធ្វើសកម្មភាពមកធ្វើជាដីសម្បទានសង្គមកិច្ចដើម្បីចែកជូន ប្រជាជនដែលខ្វះដីធ្លីសម្រាប់បង្កបង្កើនផល។
ប្រជាជនក្រីក្ររស់នៅតាមជនបទភាគច្រើនពឹងផ្អែកទាំងស្រុងទៅលើដីធ្លី សម្រាប់ធ្វើស្រែចម្ការចិញ្ចឹមជីវិត។ ដូច្នេះប្រសិនបើពួកគាត់អត់ដីធ្លីគឺមានន័យថាពួកគាត់នឹងដាច់ពោះ ស្លាប់៕
Source: RFI
0 comments:
Post a Comment