ម៉ៅ សេទុង និងតេង សៀវប៉េង
©
ថ្ងៃនេះហ្សង់-ហ្វ្រង់ស័រ តាន់សូមបន្តពិនិត្យមើលទៅលើស្ថានភាពភូមិសាស្រ្ត នយោបាយរបស់ប្រទេសចិន តទៅទៀត។
សព្វថ្ងៃ ចិនបានក្លាយជាមហាអំណាចតំបន់មួយប្រកែកមិនបាន និងមានមហិច្ឆតាចង់ក្លាយ ជាមហាអំណាចពិភពលោក។ ទាំងនេះ គឺដោយសារតែមរតកសេដ្ឋកិច្ច និងសម្បត្តិ មនោគមវិជ្ជាដ៏ធំធេងដែលលោក តេង សៀវប៉េងបានបន្សល់ទុកឲ្យប្រជាជាតិចិនដែរ។
ថ្នាក់ដឹកនាំបស្ចិមលោក អ្នកសង្កេតការណ៍ និងអ្នកការទូតចាប់អារម្មណ៍ខ្លាំងឡើងៗ ទៅលើមហិច្ឆតារបស់ចិន ពីព្រោះចិនទុកចិត្តខ្លួនឯងកាន់តែខ្លាំង ចង់ឲ្យពិភពលោកទទួលស្គាល់ខ្លួន ថាជាមហាអំណាចមួយពិតប្រាកដ។ សកម្មភាពអន្តរជាតិរបស់មហាយក្សអាស៊ីមួយនេះ ដែលច្របាច់បញ្ចូលគ្នាយ៉ាងប៉ិនប្រសប់ជំនួញនិងការទូត កំពុងជះឥទ្ធិពលខ្លាំងទៅលើអាស៊ី អាហ្វ្រិក និងអាមេរិកខាងត្បូង។សព្វថ្ងៃ ចិនបានក្លាយជាមហាអំណាចតំបន់មួយប្រកែកមិនបាន និងមានមហិច្ឆតាចង់ក្លាយ ជាមហាអំណាចពិភពលោក។ ទាំងនេះ គឺដោយសារតែមរតកសេដ្ឋកិច្ច និងសម្បត្តិ មនោគមវិជ្ជាដ៏ធំធេងដែលលោក តេង សៀវប៉េងបានបន្សល់ទុកឲ្យប្រជាជាតិចិនដែរ។
គេនឹងមិនអាចយល់បានឡើយថាហេតុអ្វីបានជានៅដើមសតវត្សរ៍ទី២១នេះ ចិនបានក្លាយជាមហាអំណាចតំបន់ និងមានមហិច្ឆតាចង់ក្លាយជាមហាអំណាចពិភពលោក បើសិនជាគេមិនសាកល្បងយល់ជាមុនសិនទេនូវមរតកសេដ្ឋកិច្ចនិង សម្បត្តិមនោគមវិជ្ជាដ៏ធំធេងដែលតេង សៀវប៉េង (Deng Xiaoping) បានបន្សល់ទុកឲ្យប្រជាជាតិចិន។ គឺតេង សៀវប៉េងនេះហើយ ដែលបានប្តូរទិសដៅយុទ្ធសាស្រ្តរបស់ប្រទសចិនមុនគេបង្អស់ ដោយបានទាញប្រជាជាតិទាំងមូលចេញពីសករាជមនោគមវិជ្ជាដើម្បីបោះជំហាន ទៅរកការអភិវឌ្ឍន៍សេដ្ឋកិច្ច។
ពីឆ្នាំ១៩៤៩ ឆ្នាំដែលសាធារណរដ្ឋប្រជាមានិតចិនបានបដិសន្ធិឡើង រហូតដល់ឆ្នាំ១៩៧៦ ឆ្នាំនៃមរណភាពរបស់ជូ អេនឡាយ (Chou En Lai) និងរបស់ម៉ៅ សេទុង (Mao Tsé-Tong) យុទ្ធសាស្រ្តរបស់ប្រទេសចិនពឹងផ្អែកទាំងស្រុងទៅលើកត្តា មនោគមវិជ្ជា ទៅលើទ្រឹស្តីរបស់អគ្គមគ្គទេសក៍ម៉ៅ ទឹ្រស្តីដែលគេបានចងក្រងទុកក្នុងកូនសៀវភៅក្រហម(Le petit livre rouge)។
ចំពោះម៉ៅ សេទុង វីរបុរសចិនគឺជាអ្នកដែលបានចាប់កំណើត នៅក្នុងភាពក្រតោកយ៉ាក តែធំដឹងក្តីក្នុងភាពរុងរឿង ដោយសារតែគណបក្សកុម្មុយនិស្ត។ តាមរយៈការសង្វាតអានកូនសៀវភៅក្រហមរបស់ម៉ៅ សេទុង រៀងរាល់ថ្ងៃ វីរបុរសកុម្មុយនិស្តចិនប្រែក្លាយទៅជាគោលគំនិតរបស់ម៉ៅ សេទុង ដែលកំពុងតែមានចលនា និងសកម្មភាពជាក់ស្តែង នៅក្នុងជីវិតប្រចាំថ្ងៃតែម្តង។
ចំពោះម៉ៅ សេទុង មនោគមវិជ្ជាម៉ៅនិយមគឺជាអាវុធភូមិសាស្រ្តនយោបាយមួយដ៍មាន ប្រសិទ្ធភាព សម្រាប់ទប់ទល់នឹងការគំរាមកំហែងពីសំណាក់សហរដ្ឋអាមេរិក និងពីសំណាក់សហភាពសូវៀត។ ឧទាហរណ៍ ទ័ពកុម្មុយនិស្តនៅវៀតណាម នៅកម្ពុជា និងនៅឡាវ សុទ្ធតែបានអនុវត្តទ្រឹស្តីយោធារបស់ម៉ៅ ដើម្បីរុញច្រានអាមេរិក ចេញពីឥណ្ឌូចិននៅឆ្នាំ១៩៧៥។
ផ្ទុយពីម៉ៅ សេទុង តេង សៀវប៉េង យល់ឃើញថាប្រទេសចិនត្រូវតែចាកចេញជាបន្ទាន់ពីសករាជមនោគមវិជ្ជា ឆ្វេងនិយមជ្រុល ដែលបានជះឥទ្ធិពលអវិជ្ជមានទៅលើសង្គមចិនទាំងមូល តាមរយៈបដិវត្តន៍វប្បធម៌ពីឆ្នាំ១៩៦៦ដល់ឆ្នាំ១៩៧៦។ តេង សៀវប៉េង យល់ឃើញថា មនោគមវិជ្ជាឆ្វេងនិយមជ្រុលបានបង្កឲ្យមានភាពតានតឹងជាអចិន្ត្រៃយ៍ ទាំងនៅក្នុងប្រទេសចិន ទាំងនៅលើឆាកអន្តរជាតិ។ តេង សៀវប៉េងមានជំនឿយ៉ាងមាំថា ដើម្បីទប់ទល់នឹងអាមេរិក ប្រឈមមុខនឹងសូវៀត ប្រទេសចិនត្រូវបោះជំហានទៅរកភាពរុងរឿងផ្នែកសេដ្ឋកិច្ចជាមុនសិន រួចហើយបើសិនជាចាំបាច់ បើសិនជាកាលៈទេសៈទាមទារ ចាំវិលមកពង្រឹងមនោគមវិជ្ជា នៅពេលក្រោយវិញ។
នៅខែធ្នូឆ្នាំ១៩៧៨ នាឱកាសសម័យប្រជុំពេញអង្គទី៣នៃមហាសន្និបាតលើកទី១១របស់បក្ស កុម្មុយនិស្តចិន តេង សៀវប៉េង បានប្រកាសប្តូរទិសដៅយុទ្ធសាស្រ្តនៃប្រទេសចិន។ គេអាចសង្ខេបគោលគំនិតរបស់តេង សៀវប៉េង ថាជាយុទ្ធសាស្ត្រដែលមានគោលដៅធ្វើឲ្យប្រទេសចិនលេចត្រដែតឡើងដោយ សន្តិវិធីនៅលើឆាកអន្តរជាតិ។ លោកអគ្គមគ្គទេសន៍តេង សៀវប៉េងមានមហិច្ឆតាចង់ធ្វើឲ្យ«ខ្លាក្រដាសចិន»ក្លាយជាមហាអំណាច មួយពិតប្រាកដ តាមរយៈកំណែទម្រង់សេដ្ឋកិច្ច។
ដើម្បីបោះជំហានទៅរកភាពរុងរឿងសេដ្ឋកិច្ចបាន ប្រទេសចិនត្រូវការបរិយាកាសធូរស្រាល នៅលើឆាកអន្តរជាតិ និងសន្តិភាពនៅក្នុងតំបន់។ ទោះជាយ៉ាងណាក៏ដោយ នៅលើសាច់ការជាក់ស្តែង គោលគំនិតធ្វើឲ្យប្រទេសចិនលេចត្រដែតឡើងដោយសន្តិវិធីរបស់តេង សៀវប៉េង ត្រូវបានបំផុសបំផុលឡើងជួនចំពេលមួយដែលប្រទេសចិនជួបប្រទះនឹងភាព តានតឹង នៅលើឆាកអន្តរជាតិ ជាពិសេស នៅខ្ទង់ឆ្នាំ១៩៧៨-១៩៧៩។ ពីព្រោះកាលនោះ ចិននិងសូវៀត ប្រជែងឥទ្ធិពលគ្នាខ្លាំង និងពីព្រោះ វៀតណាមដែលកាលណោះជាប្រទេសរណបសូវៀតបានចូលឈ្លានពានកម្ពុជា ប្រជាធិបតេយ្យរបស់ប៉ុល ពតដែលរណបប្រទេសចិន។
ដើម្បីទប់ទល់នឹងការគំរាមកំហែងពីសំណាក់សហភាពសូវៀត តេង សៀវប៉េង បានអនុវត្តនយោបាយ«សត្រូវរបស់សត្រូវខ្ញុំជាមិត្ររបស់ខ្ញុំ»។ នៅក្នុងន័យនេះ នៅថ្ងៃទី១មករាឆ្នាំ១៩៧៩ ប្រទេសចិនបានសម្រួលទំនាក់ទំនងទូតជាមួយសហរដ្ឋអាមេរិកដែលជាសត្រូវ របស់សហភាពសូវៀត។ ចាប់ដៃជាមួយអាមេរិករួចហើយ ថ្នាក់ដឹកនាំចិនដែលកក់ក្តៅចិត្តជាងមុន បានសម្រេចបញ្ជូនសារធម៌ក្តៅមួយទៅកាន់សហភាពសូវៀត ដោយបានវាយលុកលុយទៅលើប្រទេសវៀតណាម នៅថ្ងៃ១៧កុម្ភៈឆ្នាំ១៩៧៩។ គឺជាសង្រ្គាមមួយដ៏ខ្លី ដែលថ្នាក់ដឹកនាំចិនចាត់ទុកថា ជាការផ្តល់មេរៀនមួយដល់ទីក្រុងហាណូយ(Hanoï)។
នៅទីបំផុត យុទ្ធសាស្រ្តភូមិសាស្រ្តនយោបាយនេះរបស់តេង សៀវប៉េង បានបើកលទ្ធភាពឲ្យចិនហែលឆ្លងកាត់ទសវត្សរ៍ទី៨០ ដោយទទួលបានជោគជ័យទាំងនៅក្រៅប្រទេស ទាំងនៅក្នុងប្រទេស។ នៅក្រៅប្រទេស សម្ព័ន្ធភាពយុទ្ធសាស្រ្តរវាងចិននិងអាមេរិក មិនត្រឹមតែបានរំងាប់ភាពតានតឹងរវាងទីក្រុងប៉េកាំង(Pékin)និង វ៉ាស៊ីនតោន(Washington) ប៉ុណ្ណោះទេ តែវាថែមទាំងបានអនុញ្ញាតឲ្យប្រទេសចិនទប់ទល់នឹងការគាបសង្កត់ ពីសំណាក់សហភាពសូវៀតទៀតផង។ ម្យ៉ាងវិញទៀត បរិយាកាសធូរស្រាល នៅលើឆាកអន្តរជាតិក៏បានអនុញ្ញាតឲ្យប្រទេសចិនប្រមូលកម្លាំងកាយ និងកម្លាំងប្រាជ្ញា ដើម្បីធ្វើកំណែទម្រង់សេដ្ឋកិច្ច នៅក្នុងប្រទេស ស្របទៅតាមទ្រឹស្តីរបស់តេង សៀវប៉េង៕
Source: RFI

0 comments:
Post a Comment